ធនាគារឯកទេស “ដូនពេញ” ត្រូវបានដាក់ឈ្មោះ តាមបុព្វការីខ្មែរមួយរូបគឺ “ដូនពេញ” ដែលជាអ្នកបង្កើត “ភ្នំដូនពេញ” ក្នុងឆ្នាំ១៣៧២ ហើយក្រោយមកបានកម្លាយឈ្មោះទៅជា “ ភ្នំពេញ ” រាជធានីនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃនេះ។ លើសពីនេះ ខណ្ឌដូនពេញ គឺជាបណ្តុំនៃមជ្ឈមណ្ឌលរដ្ឋបាល សេដ្ឋកិច្ច បច្ចេកវិទ្យាព័ត៌មាន និងពាណិជ្ជកម្មធំៗ គ្រប់ប្រភេទរួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារជាតិនៃកម្ពុជា សាលាក្រុងរាជធានីភ្នំពេញ ផ្សារធំថ្មី និងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ខ្ពស់ៗ ជាច្រើនទៀត។ ខណ្ឌដូនពេញក៏ជាបណ្តុំមជ្ឈមណ្ឌលវប្បធម៌ជាតិសំខាន់ៗរួមមាន៖ ព្រះបរមរាជវាំង សារមន្ទីរជាតិ វិមានឯករាជ្យ បូជនីយដ្ឋានវត្តភ្នំជាដើម ។ ល។

ប្រណីតភាពនៃម៉ាកសញ្ញា របស់ ធនាគារឯកទេស “ដូនពេញ” ត្រូវបានផ្សំឡើងដោយធាតុសំខាន់ៗ បួនយ៉ាងបញ្ចូលគ្នា៖
១. រាងបួនជ្រុង៖ តំណាងឲ្យទន្លេចតុម្មុខ ដែលជាអច្ឆរិយភាពនៃទីតាំងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយរាងបួនជ្រុងនេះ ក៏ជាតំណាងទិសទាំងបួន ដែលធនាគារមានចក្ខុវិស័យក្នុងការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះរបស់ខ្លួនទៅកាន់អតិថិជនឲ្យរំពៃគិតដល់មុនគេ នៅពេលដែលពួកគាត់ត្រូវការសេវាហិរញ្ញវត្ថុ។
២. រូបនាគរាជ៖ តំណាងឲ្យស្ពាននាគ ដែលឆ្លងទៅកាន់វត្តភ្នំ។ ស្ពាននេះតំណាងឲ្យការផ្តល់មធ្យោបាយតភ្ជាប់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនានា ជូនដល់សាធារណជន នាសម័យនោះ ប្រៀបទៅនឹងការផ្តល់មធ្យោបាយហិរញ្ញវត្ថុរបស់ធនាគារជូនដល់អតិថិជន នាពេលបច្ចុប្បន្ននេះ។ ក្នុងន័យម៉្យាងទៀត រូបនាគរាជ ក៏តំណាងឲ្យ ឧត្តមភាព អានុភាព នៃការគ្រប់គ្រង ថែរក្សាការពារឧត្តមប្រយោជន៍របស់អតិថិជន កម្មករនិយោជិត ភាគទុនិក ដៃគូអាជីវកម្ម និងសហគមន៍។
៣. អក្សរ ” D P “៖ ជាអក្សរកាត់របស់ពាក្យ “ដូនពេញ” ជាភាសាអង់គ្លេស (“Daun Penh”) ។
៤. ពណ៌របស់ទង់ជាតិខ្មែរ៖ ត្រូវបានប្រើប្រាស់ជាលំនាំ ដើម្បីរចនាម៉ាកសញ្ញា របស់ធនាគារ។ ក្នុងន័យនេះ ពណ៌ក្រហម តំណាងឲ្យថាមពល អានុភាព និងលាភសំណាង ចំណែកឯពណ៌ស តំណាងឲ្យតម្លាភាព និងភាពសាមញ្ញ ខណៈដែល ពណ៌ខៀវតំណាងឲ្យ សុចរិតភាព ភក្តីភាព ជំនាញវិជ្ជាជីវៈ និងជំនឿទុកចិត្ត ។