នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៧ ធនាគារត្រូវបានបង្កើតឡើងដោយភាគទុនិកកូរ៉េ ក្រោមនាមករណ៍ “ ធនាគារឯកទេស ខេមខូ លីមីធីត ” និងបានរចុះបញ្ជីពាណិជ្ជកម្មលេខ Co. 3374/07E។ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៧ ធនាគារទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ធ្វើប្រតិបត្តិការធនាគារពាណិជ្ជ ដោយចាប់ផ្តើមដំណើរការជាផ្លូវការនាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០៧។ បន្ទាប់មក ធនាគារបានសម្រេចចិត្តកាត់បន្ថយទំហំប្រតិបត្តិការរបស់ខ្លួនមកជាធនាគារឯកទេសវិញ ដោយទទួលបានអាជ្ញាបណ្ណសារជាថ្មីពីធនាគារជាតិនៃកម្ពុជា ក្រោមលិខិតលេខ ធឯ-០៩ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១១។

នាចុងឆ្នាំ២០១៨ ភាគទុនិករបស់ធនាគារឯកទេស ខេមខូ ម.ក បានចុះកិច្ចសន្យាទិញ-លក់ភាគហ៊ុនទាំងស្រុងជាមួយនឹងក្រុមហ៊ុនដូនពេញលែន ខូអិលធីឌី។ ប្រតិបត្តិការទិញ-លក់នេះ បានទទួលការអនុម័តដោយ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ និងបានទទួលការផ្តល់សច្ចានុម័តលើអនុស្សរណៈ និងលក្ខន្តិកៈដែលបានធ្វើវិសោធនកម្មនាថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១៨ ។

ធនាគារ បានទទួលការអនុម័ត និងផ្តល់អាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ឲ្យធ្វើប្រតិបត្តិការធនាគារឯកទេស ក្រោមនាមករណ៍ថ្មី “ ធនាគារឯកទេស ដូនពេញ ម.ក “ តាមរយៈអាជ្ញាបណ្ណលេខ ធឯ-០៩ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២០ និងក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ 00017370 ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។


បច្ចុប្បន្ន ភាគហ៊ុន១០០% របស់ធនាគារ កាន់កាប់ដោយភាគទុនិកក្នុងស្រុកឈ្មោះថា ” ក្រុមហ៊ុនដូនពេញ លែន ខូអិលធីឌី “។ ធនាគារធ្វើប្រតិបត្តិការតាមរយៈការិយាល័យសាខារបស់ខ្លួនក្នុងក្រុងភ្នំពេញ និងខេត្តកណ្តាល។ លើសពីនេះ ធនាគារប្តេជ្ញាចិត្ត លើការពង្រីកប្រតិបត្តិការរបស់ខ្លួន តាមរយៈបណ្តាញប្រតិបត្តិការជំនួសផ្សេងៗ ក្នុងទម្រង់ម៉ូដែលអាជីវកម្មជាច្រើនដែលសមស្រប ក្នុងគោលបំណងដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏ល្អប្រសើរជូនដល់អតិថិជន និងដើម្បីពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។