លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ បានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៃធនាគារឯកទេស ដូនពេញ ម.ក នៅខែវិច្ឆិកា ឆ្នាំ២០២០។
លោកឧកញ៉ា ជាពាណិជ្ជករឆ្នើម ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង និងគួរឱ្យគោរពមួយរូប នៅក្នុងប្រទេសកម្ពុជា។ លោកឧកញ៉ា បានចាប់ផ្តើមជំនួញ ដោយសហការជាមួយដៃគូ ជាជនជាតិសឹង្ហបូរី នាដើមឆ្នាំ១៩៩២ និងបានបង្កើតសហគ្រាសពាណិជ្ជកម្មដំបូងបំផុត នៅក្នុងឆ្នាំ១៩៩៣ ក្រោមនាមករណ៍ថា អេហ្សិត ឌីស្ទ្រ៊ីប្យ៊ូហ្សិន ជាមួយចក្ខុវិស័យ ក្នុងការធ្វើឲ្យមានភាពចំរុះនៃមុខជំនួញពី A ដល់ Z លោកឧកញ៉ា បានបង្កើតក្រុមហ៊ុនអាជីវកម្មជាច្រើនប្រភេទ ព្រមទាំងបានវិនិយោគក្នុងវិស័យផ្សេងៗជាច្រើន ដែលរួមមានទាំងវិស័យអចលនទ្រព្យជាដើម។ លោកឧកញ៉ា គឺជាប្រធានអគ្គនាយក នៃក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប ជាសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុក ដែលវិនិយោគលើច្រើនវិស័យ នៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ លោកឧកញ៉ា ក៏ជាវិនិយោគិននៅតាមបណ្តាប្រទេសមួយចំនួនដូចជា ភូមា ឥណ្ឌា សឹង្ហបូរី ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិកថែមទៀតផង។
លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ លើមុខជំនាញនីតិឯកជន ពីសាកលវិទ្យាល័យពហុបច្ចេកវិទ្យាកម្ពុជា ក្នុងឆ្នាំ២០០៥ និងសញ្ញាបត្រថ្នាក់អនុបណ្ឌិត លើមុខជំនាញរដ្ឋបាលសាធារណៈក្នុងឆ្នាំ២០០៧។ លោកឧកញ៉ា បានចូលរួមវគ្គហ្វឹកហ្វឺនជាច្រើនលើការគ្រប់គ្រងពាណិជ្ជកម្ម នីតិវិនិយោគ ទីផ្សារភាគហ៊ុន និងជំនាញជាច្រើនទៀតចាប់តាំងពីឆ្នាំ២០០១ រហូតមកដល់ឆ្នាំ២០១០។ នៅក្នុងឆ្នាំ២០១១ លោកឧកញ៉ា បានចូលរួមវគ្គសិក្សាអប់រំសម្រាប់អ្នកដឹកនាំប្រតិបត្តិជាន់ខ្ពស់ នៅឯ Harvard Kennedy School លើប្រធានបទស្តីពីហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសេដ្ឋកិច្ចទីផ្សារ។ លោកឧកញ៉ា គឺជាបេក្ខភាពបណ្ឌិតរដ្ឋបាលសាធារណៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឆ្នាំ២០១៣។
ជាមួយនឹងចំណង់ចំណូលចិត្តចំពោះការអភិវឌ្ឍជាតិ លោកឧកញ៉ា បានចំណាយអស់ពីសមត្ថភាពទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានរបស់ខ្លួន រយៈពេល១០ឆ្នាំ ដើម្បីចូលរួមបម្រើជាតិមាតុភូមិ ដោយចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០០៨ លោកឧកញ៉ា បម្រើការជាសមាជិកសភាតំណាងរាស្ត្រ របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់មកលោកឧកញ៉ា ត្រូវបានតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣។
លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ ក៏ជាពាណិជ្ជករ មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូប ដែលខ្នះខ្នែងក្នុងកិច្ចការដើម្បីសង្គម ដោយចែករំលែកនូវចំណូលដែលរកបាន ជូនទៅដល់សង្គមវិញ តាមរយៈសកម្មភាពផ្សេងៗ នៅក្នុងវិស័យនានា រួមទាំងវិស័យសាសនា ទាំងការចូលរួមដោយផ្ទាល់ និងតាមរយៈទីភ្នាក់ងារមនុស្សធម៌ជាតិ និងអន្តរជាតិ។ លោកឧកញ៉ា បានបរិច្ចាគថវិកាជាច្រើនលានដុល្លារ ដើម្បីបំពេញសេចក្តីខ្វះខាតរបស់ ប្រជាពលរដ្ឋដែលមានចំណូលទាប សាលារៀន វត្តអារាម ព្រះវិហារសាសនា គម្រោងអភិវឌ្ឍន៍ និងការការពារបរិស្ថាន កម្មវិធីធនធានទឹកស្អាត និងគម្រោងស្តារគ្រោះមហន្តរាយ ជាដើម។